អាស៊ានព្រមព្រៀងជំរុញពាណិជ្ជកម្មក្នុងប្លុកដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ -- ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) បានប្រកាសថា បណ្តាមេដឹកនាំបានសន្យាថានឹងពង្រឹងយន្តការពាណិជ្ជកម្មក្នុងប្លុក និងសន្តិសុខស្បៀងអាហារ។ កិច្ចព្រមព្រៀងនេះកើតឡើងជាការឆ្លើយតបទៅនឹងការកើនឡើងនៃថ្លៃថាមពល និងការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ ប្លុកនេះមានគោលបំណងធានានូវលំហូរទំនិញសំខាន់ៗដែលមិនមានការរំខាន ខណៈដែលរក្សាទីផ្សារបើកចំហ និងអាចព្យាករណ៍បាន ដើម្បីការពារគ្រួសារអាស៊ីអាគ្នេយ៍ពីវិបត្តិសេដ្ឋកិច្ចពិភពលោក។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃថ្លៃជី និងតម្លៃប្រេងឥន្ធនៈប្រែប្រួល អាស៊ាននឹងផ្តោតទៅលើការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងគាំទ្រដល់កសិករខ្នាតតូច។ យុទ្ធសាស្ត្រនេះរួមមាន ការលើកកម្ពស់គំរូកសិកម្មដែលធន់នឹងអាកាសធាតុ និងពង្រឹងប្រព័ន្ធបម្រុងស្បៀងអាហារដែលដឹកនាំដោយអាស៊ាន។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរចនាឡើងដើម្បីការពារទិន្នផលកសិកម្មរបស់តំបន់ និងគាំទ្រដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ដែលមានសារៈសំខាន់ចំពោះការផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់។
សមាសធាតុសំខាន់មួយនៃការជំរុញសេដ្ឋកិច្ចនេះ គឺការផ្តល់សច្ចាប័នដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលបានធ្វើឱ្យប្រសើរឡើង។ ក្របខ័ណ្ឌទំនើបកម្មនេះ បានបញ្ចប់នៅក្នុងឆ្នាំ២០២៥ដែលកាត់បន្ថយរបាំងមិនមែនពន្ធ និងណែនាំបទប្បញ្ញត្តិឆ្លើយតបវិបត្តិជាក់លាក់សម្រាប់គ្រាអាសន្ន។ តាមរយៈការដាក់បញ្ចូលពាណិជ្ជកម្មឌីជីថលនិងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង កិច្ចព្រមព្រៀង ATIGA ដែលបានធ្វើឱ្យប្រសើរឡើង មានគោលបំណងពង្រឹងតួនាទីរបស់អាស៊ាននៅក្នុងបណ្តាញផលិតកម្មសកលលោក ខណៈដែលផ្តល់អាទិភាពដល់ស្ថិរភាពស្បៀងអាហារ និងថាមពល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





