ម៉ាឡេស៊ីអំពាវនាវឱ្យអាស៊ានពង្រឹងភាពធន់ប្រឆាំងនឹងការប្រែប្រួលជាសកល
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីពេលថ្មីៗនេះបានសង្កត់ធ្ងន់ថា សេចក្តីប្រកាសទីក្រុងគូឡាឡាំពួរ ដែលអាស៊ានបានអនុម័តកាលពីឆ្នាំមុន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចសន្តិសុខថាមពល និងស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់របស់តំបន់ ខណៈដែលស្ថានភាពភូមិសាស្ត្រនយោបាយសកលលោកកាន់តែមានភាពមិនប្រាកដប្រជា។
ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោកបាននិយាយថា ក្របខ័ណ្ឌនេះទទួលស្គាល់ថា សន្តិសុខថាមពល ភាពធន់ផ្នែកស្បៀងអាហារ ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់តំបន់ឱ្យកាន់តែរឹងមាំ ឥឡូវនេះ គឺជាតម្រូវការជាយុទ្ធសាស្ត្រ ជាជាងការព្រួយបារម្ភតាមវិស័យ។
ដូច្នេះ លោកបានអំពាវនាវឱ្យរដ្ឋសមាជិកអាស៊ានបន្តជំរុញសន្ទុះនៃសេចក្តីប្រកាសនេះ ដែលបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួនចំពោះស្វ័យភាពជាយុទ្ធសាស្ត្រ ភាពធន់ផ្នែកសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama។
ទាក់ទងនឹងការអនុវត្តក្របខ័ណ្ឌអាស៊ាន ស្តីពីសន្តិសុខប្រេងកាត(APSA) លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បាននិយាយថា ម៉ាឡេស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះការពន្លឿនគំនិតផ្តួចផ្តើមនេះ ព្រោះវាផ្តល់នូវស្រទាប់ការពារដ៏សំខាន់មួយ ខណៈដែលការផលិតប្រេង និងឧស្ម័នក្នុងស្រុកធ្លាក់ចុះនៅទូទាំងតំបន់។
លោកក៏បានជំរុញឱ្យអាស៊ានប្រើប្រាស់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) រួមទាំងទំនាក់ទំនងអាស៊ាន-GCC-ចិន ដ៏ទូលំទូលាយ ដើម្បីកសាងការរៀបចំថាមពលដែលអាចទុកចិត្តបាន និងធន់ជាងមុន។
ក្នុងពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាបណ្តាញអគ្គិសនីអាស៊ាននៅតែជាចំណុចកណ្តាលនៃការផ្លាស់ប្តូរថាមពលនិងសន្តិសុខរយៈពេលវែងរបស់ប្លុក។ លោកបាននិយាយថា ការវិនិយោគកាន់តែច្រើន គឺជាតម្រូវការចាំបាច់ដើម្បីពន្លឿនការតភ្ជាប់ឆ្លងដែន និងកំណើនកាបូនទាប៕





