ឯកឧត្តម ឃឹម ហ្វីណង់ ចុះផ្សព្វផ្សាយពីទស្សនាទាននៃសហគមន៍កសិកម្មទំនើបដល់កសិករស្រុកព្រះស្តេច
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ថា ឯកឧត្តមចុះផ្សព្វផ្សាយពីទស្សនាទាននៃសហគមន៍កសិកម្មទំនើបជូនដល់ពុកម៉ែបងប្អូនកសិករអ្នកដាំបន្លែនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ចំនួន៧៧គ្រួសារ ដែលមានបំណងចងក្រងគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះស្ដេច។

ឯកឧត្តមបានបន្តថា កសិករទាំង៧៧គ្រួសារនេះបានទៅទស្សនកិច្ចដោយផ្ទាល់ដល់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ នៅខេត្តតាកែវ ចំនួន២ដងរួចមកហើយ និងបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការរៀបចំផលិតជាសហគមន៍។ សង្ឃឹមថានឹងមានសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែថ្មីមួយទៀតនៅខេត្តព្រៃវែងក្នុងពេលឆាប់ៗខាងមុខនេះ។

ហេតុអ្វីយើងហៅថា «សហគមន៍កសិកម្មទំនើប»? ពាក្យថា «ទំនើប» នេះមិនសំដៅតែនៅលើទំនើបកម្មនៃការធ្វើកសិកម្មឡើយ បើទោះជាសហគមន៍ប្រភេទនេះមានប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍សម្ភារទំនើបក៏ដោយ។ ភាពទំនើបនៃសហគមន៍នៅទីនេះពាក់ព័ន្ធនឹងការគ្រប់គ្រងទំនើបតាមបែបសហគ្រាសខ្នាតធំ មានផែនការច្បាស់លាស់ «លក់មុនដាំ» ដឹងថាទីផ្សារនៅឯណាមុននឹងចាប់ផ្តើមផលិតកម្ម៕

ដោយ ណយ នឿន





