គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនៅកម្ពុជានឹងបិទបញ្ចប់ ដោយបាននាំមកនូវការលើកស្ទួយវិស័យម្ហូបអាហារយ៉ាងច្រើននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO ឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កិច្ចគាំទ្ររបស់គម្រោងបាលចូលរួមយ៉ាងខ្លាំងក្នុងការពង្រឹងភាពប្រកួតប្រជែងនៃវិស័យម្ហូបអាហារនៅកម្ពុជា តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និង ដំណោះស្រាយបែបនវានុវត្តន៍។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានបញ្ជាក់នៅក្នុង មតិស្វាគមន៍របស់លោក ក្នុងអំឡុងសិក្ខាសាលានាថ្ងៃទី០៧ ខែ តុលា ឆ្នាំ ២០២៥ ថា វឌ្ឍនភាពនៃស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ( FTRIP) ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនវានុវត្តន៍ និង R&D ក្នុងវិស័យជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត និងសក្តានុពលក្នុងការយកទៅអនុវត្តបន្ត ឬពង្រីកវិសាលភាពលើឧស្សាហកម្មកសិអាហារផ្សេងទៀត។

លោកថា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់នៅកម្ពុជា (CPC) នាពេលថ្មីៗនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរជាដុំកំភួននៅក្នុង វិស័យម្ហូបអាហារនៅកម្ពុជា ពោលគឺការទទួលបានធនធាន និងបច្ចេកវិទ្យា ពាក់ព័ន្ធទៅនឹងការវេចខ្ចប់។ ប្រការនេះបានជួយឱ្យផលិតករក្នុងស្រុកកែលម្អ ភាពលេចធ្លោ របស់ផលិតផលដែលជាកត្តាសំខាន់សម្រាប់ការបង្កើនភាពទាក់ទាញរបស់ផលិតផលកម្ពុជាទាំងក្នុង និងក្រៅស្រុក។ លើសពីនេះ គម្រោងក៏បានដឹកនាំលើការបង្កើតឱ្យមានក្របខ័ណ្ឌគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា (IP) ដាក់ឱ្យប្រើប្រាស់នៅតាមសាកលវិទ្យាល័យផងដែរ។ ជាងនេះទៅទៀតសមិទ្ធផលលេចធ្លោមួយទៀត គឺការចុះបញ្ជីដោយជោគជ័យប្រហុក សៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)។
លោក ឃុន អេរីវ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូ នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា៖ «ថ្វីបើកម្មវិធី CAPFISH ដែលគាំទ្រថវិកាដោយហភាពអឺរ៉ុប បានខិតជិតទៅបញ្ចប់ យើងសូម ឆ្លុះបញ្ចាំងពីការគាំទ្រដ៏ធំធេងរបស់សហភាពអឺរ៉ុបចំពោះនវានុវត្តន៍ ការអភិវឌ្ឍ ការស្រាវជ្រាវ និងបច្ចេកវិទ្យាអាហារ”។

បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យា កែច្នៃ និងគុណភាព តំណាងរដ្ឋបាលផលផល បាន លើកឡើងពីសារៈសំខាន់នៃកិច្ចសហការថា ភាពជាដៃគូដែលយើង បានកសាងតាមរយៈគម្រោង “បានត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែង បន្តដើម្បីធានាបាននូវការគ្រប់គ្រងជលផលប្រកបដោយចីរភាព និង ការបែងចែកអត្ថប្រយោជន៍ចំណោមអ្នកកែច្នៃ និងអ្នកបរិភោគក្រោយពេល គម្រោងបញ្ចប់”។ ផលិតផលច្នៃប្រឌិតថ្មីចំនួន៧ ដែលជាលទ្ធផលរបស់គម្រោងស្រាវជ្រាវត្រូវបានពង្រីក និងធ្វើពាណិជ្ជកម្ម ដែលសបញ្ជាក់អំពីអត្ថប្រយោជន៍ ការជំរុញកំណើន និងជាផែនទី បង្ហាញផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត សំដៅធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព និងធានាសន្តិសុខស្បៀងអាហារសម្រាប់សហគមន៍ទូទាំង ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា៖ «នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) គឺជាឧបករណ៍ប្រកបដោយ ថាមពលសម្រាប់កសាងវិស័យម្ហូបអាហារប្រកបដោយនិរន្តរភាព។ មេរៀន បទពិសោធន៍ពីគម្រោងអភិវឌ្ឍន៏ជលផលក្រោយប្រមូលផល (CAPFISH- Capture) នឹងជួយតម្រង់ទិសសម្រាប់ការរៀបចំយុទ្ធសាស្ត្រឆ្ពោះទៅមុខរបស់យើង”។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល នឹងបិទបញ្ចបកេរ្តិ៍ដំណែលនៃបទអន្តរាគមន៍របស់គម្រោងប្រកប ដោយនវានុវត្តន៍ និងភាពបត់បែន ជាដើមទុនសម្រាប់ពង្រឹងភាពធន់ និងភាពប្រកួតប្រជែងរបស់វិស័យម្ហូបអាហារកម្ពុជានៅលើឆាកអន្តរជាតិ និងជាមេរៀន ឬការបំផុសគំនិតសម្រាប់គម្រោងផ្សេងៗនាពេលអនាគត ផ្អែកលើបទពិសោធន៍ជោគជ័យទាំងនេះ៕
ដោយ៖ មករា





