កិច្ចប្រជុំស្តីពីការកំណត់ទីតាំងដំឡើងស្ថានីយតាមដានគុណភាពទឹកសាធារណៈ
AKP កណ្ដាល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្តីពីការកំណត់ទីតាំងជាក់លាក់សម្រាប់ដំឡើងស្ថានីយតាមដានគុណភាពទឹក សាធារណៈស្វ័យប្រវត្ត្តិ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ទីរបរិស្ថាន អាជ្ញាធរស្រុកស្អាង ស្រុកកោះធំ និងអាជ្ញាធរ ក្រុងសំពៅពូនផងដែរ។

លោកអភិបាលរងបានបញ្ជាក់ថា ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ ជាការងារអាទិភាព ក្នុងនោះ ការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និង ការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃ កម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាពការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។

លោក គ្រុយ ម៉ាឡែន ក៏បានណែនាំឱ្យអាជ្ញាធរក្រុង ស្រុកនីមួយៗ ត្រូវកំណត់ និងសិក្សាទីតាំងឱ្យបានច្បាស់លាស់តាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីក្រុមការងារខេត្ត និងមន្ទីរបរិស្ថានចុះទៅសិក្សាលក្ខណៈបច្ចេកទេស ដល់ទីតាំងជាក់ស្ដែងថាតើត្រូវដាក់នៅចំណុចណាមួយ ក្នុងចំណោមស្រុក និងក្រុងទាំងបីបានឯកភាពគ្នា តាមលក្ខណៈបច្ចេកទេស របស់ក្រសួងដែលបានឯកភាពផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





