សត្វព្រៃកម្រជាច្រើនក្បាលត្រូវបានកត់ត្រាឃើញចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- សត្វព្រៃកម្រជាច្រើនប្រភេទត្រូវបានអង្គការ WWF ធ្វើការសិក្សាស្រាវជ្រាវដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងមក។

អង្គការ WWF បានឱ្យដឹងថា ចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF កម្ពុជា សហការជាមួយអជ្ញាធរមូលដ្ឋាន និងសហគមន៍ បានរៀបចំការងារអង្កេត និងធ្វើជំរឿនសត្វស្លាបសំខាន់ៗដ៏មានតម្លៃរបស់កម្ពុជា។ ជាក់ស្តែងលទ្ធផលទទួលបានក្នុងនេះមានដូចជា៖សត្វត្រយងចង្កំកស ចំនួន២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំចំនួន២០ (១៩ សំបុកកំពុងវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៥។ដោយឡែកសំបុកសត្វត្រដក់តូចចំនួន ១៤ ត្រូវបានកត់ត្រា នៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះ ចន្លោះពីថ្ងៃទី១៨ដល់១៩ ខែកញ្ញា ឆ្នាំ ២០២៥។

ប្រភពខាងលើនេះបានឱ្យដឹងដែរថាតាមរយៈការអង្កេត និងជំរឿននាពេលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការតាមដានស្ថានភាព និងចំនួន សត្វស្លាប និងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពអភិរក្ស ដើម្បីការពារសត្វស្លាបទាំងនោះ។

ក្នុងទិវាទីជម្រកពិភពលោក អង្គការ WWF ឱ្យដឹងថា យើងបន្តចូលរួមលើកកម្ពស់ និងគាំទ្រនូវសារៈសំខាន់នៃទីជម្រកធម្មជាតិដ៏រឹងមាំទាំងអស់ រាប់ចាប់ពីធនធានព្រៃឈើ រហូតដល់ទន្លេ បឹងបួរ ដែលជាមូលដ្ឋានសម្រាប់ការរស់នៅ ដែលមិនអាចខ្វះបានសម្រាប់ជីវិតទាំងអស់នៅក្នុងធម្មជាតិ និងសហគមន៍។

ទន្ទឹមនឹងនេះ អង្គការ WWF កម្ពុជាបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនថានឹងបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយដៃគូរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូស៊ីដ៏សំខាន់ទាំងនេះ ដើម្បីធានាថាសត្វព្រៃលើដី និងក្នុងទឹកមានទីជម្រកសុវត្ថិភាព៕
ដោយ៖ មករា





