ទូតជប៉ុននៅកម្ពុជាស្វាគមន៍ចំពោះនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិ ភាពយូរអង្វែង និងពិភាក្សាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ភ្លាមៗក្រោយពីជំនួបត្រីភាគីកម្ពុជា ហ្វីលីពីននិងថៃ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានប្រកាសស្វាគមន៍ចំពោះជំនួបនេះ និងស្វាគមន៍ចំពោះនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត។នេះបើតាមការបញ្ចាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងក្នុង សន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន។
សូមបញ្ជាក់ជូនថា ក្នុងជំនួបត្រីភាគីនោះ ភាគីទាំងអស់សុទ្ធតែបានសម្តែងក្តីប្រាថ្នានិងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ដោយសម្តេចធីបតី នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុច៣ នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញនូវខ្លឹមសារចំណុច៣នេះដូចតទៅ៖ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។
ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្ម ការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូ លទាំងសុវត្ថិភាពពីការជាន់មីន។
ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ៕
ដោយ៖ ប៊ុនរិទ្ធ





