ឯកឧត្តម កែវ រស់៖ ការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់យើងទាំងអស់គ្នា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ការប្រកួតកីឡាវាយសីនៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅទីលានវាយសីពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកឡាវាយសីកម្ពុជាបានចាត់ទុកថា ការរៀបចំការប្រកួតនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់យើងទាំងអស់គ្នា ស្របពេលដែលឯកឧត្តមបានមើលឃើញពីគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីវ័យក្មេងៗកាន់តែល្អប្រសើរជាឆ្នាំមុន។

ការចាត់ទុក និងការវាយតម្លៃខ្ពស់របស់ឯកឧត្តម កែវ រស់ បានធ្វើឡើងក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងពិធីបិទការប្រកួត និងបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី។ កីឡាករ កីឡាការិនីវ័យក្មេងបានបង្ហាញសមត្ថភាពល្អប្រសើរជាងឆ្នាំមុន ដោយមិនមែនវាយធ្លាក់ៗនោះទេ ពោលគឺចាញ់ឈ្នះក្នុងពិន្ទុប្រកៀកប្រកិតគ្នាយ៉ាងស្វិញស្វាញបំផុត។
ឯកឧត្តមអគ្គលេខាធិការបានបង្ហាញអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំង ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗជាកីឡាករ កីឡាការិនីទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមគាំទ្រវិស័យកីឡាវាយសី ដោយក្តីសប្បាយរីករាយក្នុងពិធីនេះតាមការគ្រោងទុក។ ឆ្លងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញច្បាស់ពីការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបម្រុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្លឹបកីឡាវាយសី ដែលចូលរួមប្រកួតនៅទីនេះ និងការខិតខំបំពេញការងាររបស់មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំង ចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម កែវ រស់ បានបន្ថែមថា ការប្រកួតឆ្នាំនេះមានប្រតិភូកីឡាមកពីបណ្តារាជធានី-ខេត្តចូលរួមចំនួន ០៨ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក១៤នាក់ កីឡាករ ២៩នាក់ កីឡាការិនី ១៣នាក់ សរុប៥៦នាក់។ លទ្ធផលក្រោយការប្រកួតបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការរីកចម្រើននៃវិស័យកីឡាវាយសីនៅកម្ពុជា ដែលកំពុងវិវត្តន៍ឈានឡើងឆ្ពោះទៅមុខឥតឈប់ឈរគួរជាទីមោទនៈ។ ឯកឧត្តម កែវ រស់ បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ទោះបីដណ្តើមបានមេដាយក្តី ឬមិនបានក្តី ត្រូវតែប្តេជ្ញាចិត្តហ្វឹកហាត់ឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកីឡាករឆ្នើមមានសិទ្ធផល ខ្ពស់ ក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ ដណ្តើមយកមេដាយមាសជូនជាតិមាតុភូមិរបស់ យើងជាបន្តទៀត នឹងជាពិសេសត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ តំណាងឯកឧត្តម លី កុសល បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អត្តពលិកទាំងអស់ ដែលបានសម្តែងកាយវិការជាវិជ្ជមាន ឆ្លុះបញ្ចាំងពីសារៈសំខាន់អត្តចរិកសីលធម៌ គុណតម្លៃនៃចលនាស្មារតីអូឡាំពិក ពីព្រោះទន្ទឹមនឹងការប្រកួត ជាពេលវេលាបង្ហាញនូវសីលធម៌ក្នុងវិជ្ជាជីវៈផងដែរ។ អត្តពលិកទាំងអស់បានធ្វើជាគំរូដ៏ល្អមួយ គឺប្រកួតប្រជែងដោយយុត្តិធម៌ គោរពតាមគោលការណ៍ Fair play។ ខ្ញុំសូមអរគុណដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ មានចៅក្រម និងអាជ្ញាកណ្តាលខ្សែបន្ទាត់ទាំង អស់ ដែលបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការវិនិច្ឆ័យគ្រប់វិញ្ញាសារ ស្របតាមបទបញ្ញាតិ បទបញ្ជានៃការប្រកួតថ្នាក់ជាតិនេះ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍បច្ចេកទេសរបស់ឯកឧត្តម ចេញ ញ៉ាន់ អគ្គលេខាធិការរងសហព័ន្ធបានជម្រាបជូនថា ការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិ ដំណើរការរយៈពេល២ថ្ងៃ រៀបចំលើ៤វិញ្ញាសា។ ជ័យលាភីមេដាយ រួមមាន៖ ក្នុងចំណោម៧រាជធានី-ខេត្ត រាជធានីភ្នំពេញ ឈរចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប ៥គ្រឿង (មាស៣ ប្រាក់២) ខេត្តបន្ទាយមានជ័យ ឈរលេខ២ មេដាយ៤គ្រឿង (មាស១ ប្រាក់២ សំរឹទ្ធ១) ខណៈ៣ខេត្តទៀត គឺកំពង់ឆ្នាំង ឈរលេខ៣ ខេត្តព្រះសីហនុ ឈរលេខ៤ និងខេត្តកំពត ឈរលេខ៥ ទទួលបានមេដាយសំរឹទ្ធម្នាក់១វិញ្ញាសាដូចៗគ្នា៕
ដោយ ហេង ណាលីន





