ក្រសួងមហាផ្ទៃសម្តែងការអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ – ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តបន្ថយភាពតានតឹងតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដើម្បីឈានទៅកសាងទំនុកចិត្ត និងស្តារទំនាក់ទំនងឡើងវិញសម្រាប់សន្តិភាពយូរអង្វែងនៃប្រទេសទាំងពីរ ជាពិសេសការសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើកម្លាំង។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលគិតត្រឹមព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាមានសេចក្តីជឿជាក់ថា ភាគីថៃនឹងអនុវត្តពេញលេញ និងដោយស្មោះត្រង់នូវសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមការវាស់វែងជាក់ស្តែង និងកំណត់ខណ្ឌសីមាព្រំដែនគោកតាមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាបន្ទាន់ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសឱ្យរួបរួមស្មារតី សាមគ្គីគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំពុងដឹកនាំបេសកកម្មដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធីតាមយន្តការការទូត និងច្បាប់អន្តរជាតិ សំដៅនាំមកវិញនូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសការវិលមកវិញនូវជីវភាពជាប្រក្រតីនៃប្រជាជនទាំងសងខាង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





