ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សនិងផ្សព្វផ្សាយពីចលនាប្រកួតប្រជែង "លំនៅឋានស្អាត" នៅឃុំកំពង់ចិនជើង
AKP កំពង់ធំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ -- នៅទីស្នាក់ការគណបក្សឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អនុប្រធានគណបក្សចុះជួយស្រុកស្ទោងនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង តំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សឃុំនិងផ្សព្វផ្សាយពីចលនាប្រកួតប្រជែង "លំនៅឋានស្អាត" នៅឃុំកំពង់ចិនជើង។

ក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារបានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានភូមិទាំង៦ នៃឃុំកំពង់ចិនជើង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម និងបានលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ដើម្បីអនុវត្តតួនាទី ភារកិច្ចនៅតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្ដមក៏បានជំរុញឱ្យក្រុមការងារបន្តសហការជិតស្និទ្ធជាមួយគណបក្សឃុំ និងគណៈកម្មាធិការសាខាបក្សភូមិ ដើម្បីចុះផ្ទៀងផ្ទាត់បច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សដល់លំនៅឋានឱ្យបានច្បាស់លាស់។

ឯកឧត្ដមប្រធានក្រុមការងារ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការចុះសួរសុខទុក្ខ និងការជួយសង្គ្រោះក្នុងគ្រាមានគ្រោះធម្មជាតិជាដើម។ ក្រុមការងារក៏បានសម្រេចសមិទ្ធផលជាច្រើនដូចជា ដំឡើងអំពូលសូឡា ស្ថាបនាផ្លូវ និងស្តារប្រឡាយដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្ដមប្រធានក៏បាននាំយកអំណោយរបស់ឯកឧត្ដម ថោ ជេដ្ឋារួមមាន៖ អំពូលសូឡា ១០គ្រឿង ក្រមា៥០ និងថវិកាមួយចំនួន ឧបត្ថម្ភជូនសមាជិកបក្សឃុំផងដែរ និងបានជំរុញឱ្យសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សោភ័ណភាពនិងអនាម័យបរិស្ថានក្នុងភូមិ-ឃុំ តាមរយៈការដាក់ចេញនូវចលនាប្រកួតប្រជែង "លំនៅឋានស្អាត" ដើម្បីប្រែក្លាយឃុំកំពង់ចិនជើងឱ្យទៅជាឃុំដែលមានបរិស្ថានបៃតងស្អាត និងមានផាសុខភាពសម្រាប់ការរស់នៅរបស់បងប្អូនប្រជាជនក្នុងមូលដ្ឋាន៕
ដោយ៖ ស៊ុម វណ្ណា





