អនុប្រធានអាជ្ញាធរទន្លេសាបចុះសិក្សាសក្ដានុពលតំបន់ទឹកឡើង ទឹកនាច តំបន់៣ នៅជុំវិញបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ -- លោក លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ចាប់ពីថ្ងៃទី០៦-០៩ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចុះសិក្សាសក្ដានុពលតំបន់ទឹកឡើង ទឹកនាច (តំបន់លិចទឹកតាមរដូវ) នៃតំបន់ព្រៃលិចទឹក ក្នុងតំបន់៣ នៅទីតាំងចំនួន ១៣ ជុំវិញបឹងទន្លេសាប ដែលសាកល្បងតាមរយៈការចុះវាស់វែងផ្ទាល់ដោយប្រើប្រាស់ប្រព័ន្ធ DGPS (XYZ) និងរូបភាពផ្កាយរណប (Sentinel)។

លោក លឹម ពុយ បានបញ្ជាក់ថា ការសិក្សាខាងលើមានគោលបំណងរួមគឺ សិក្សា និងតាមដានការប្រែប្រួលសណ្ឋានដី កម្រិតទឹក និងស្ថានភាពរូបវន្តនៃតំបន់អន្តរកាលជុំវិញបឹងទន្លេសាប ដើម្បីផ្តល់ជាមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ការគ្រប់គ្រងធនធានទឹក បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយចុះធ្វើការអង្កេតផ្ទាល់ និងវាស់វែងនៅទីតាំងជាក់ស្តែងដោយប្រើប្រាស់ឧបករណ៍ DGPS (XYZ) នៅតំបន់ដែនវិសាលភាពជុំវិញបឹងទន្លេសាបនៃតំបន់ ៣ (ចំនួន ១៣ចំណុច ជុំវិញបឹងទន្លេសាប)។

ការចុះសិក្សាសក្ដានុពលតំបន់ទឹកឡើង ទឹកនាច (តំបន់លិចទឹកតាមរដូវ) នៃតំបន់ព្រៃលិចទឹក ក្នុងតំបន់៣ ដោយបានបង្ហោះដ្រូន និងការថតរូបប្រភេទរុក្ខជាតិខុសៗគ្នានៅក្នុងព្រៃលិចទឹកនាដូវប្រាំង ឆ្នាំ២០២៦ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





