ម៉ាឡេស៊ីនឹងរឹតបន្តឹងការនាំចូលរថយន្តអគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីនឹងទប់ស្កាត់ការនាំចូលរថយន្តអគ្គិសនីដែលផលិតរួចជាស្រេច (EV) ចាប់ពីខែកក្កដាតទៅ ដែលជាគោលនយោបាយមួយដែលរំពឹងថានឹងច្របាច់ម៉ាករថយន្តអគ្គិសនីចិនកម្រិតមធ្យមជាច្រើនចេញពីទីផ្សារក្នុងស្រុក។
ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ីបានចេញសារាចរណែនាំដល់អ្នកនាំចូលរថយន្តជាមួយនឹងបទប្បញ្ញត្តិថ្មីដែលបង្កើនតម្លៃលក់រាយអប្បបរមានៃរថយន្តអគ្គិសនីដែលនាំចូលរួចជាស្រេច និងបង្កើនទិន្នផលថាមពលអប្បបរមាសម្រាប់ម៉ូដែលបែបនេះផងដែរ។
ក្រសួងបាននិយាយថា ដូច្នេះ តម្លៃធានារ៉ាប់រង និងថ្លៃដឹកជញ្ជូនសម្រាប់រថយន្តគួរតែមានយ៉ាងហោចណាស់ ២០០.០០០រីងហ្គីត(៥១.០០០ដុល្លារអាម៉េរិក) ដោយកម្លាំងថាមពលអប្បបរមាត្រូវបានកំណត់ត្រឹម ១៨០គីឡូវ៉ាត់។
តម្លៃលក់រាយនៃរថយន្តដែលនាំចូលរួចជាស្រេច បន្ទាប់ពីគិតគូរពន្ធគយ និងពន្ធអាករ អាចឡើងដល់យ៉ាងហោចណាស់ ៣០០.០០០រីងហ្គីត។
ក្រសួងបាននិយាយថា គោលនយោបាយថ្មីនេះជំនួសគោលនយោបាយនាំចូលរថយន្តអគ្គិសនីពីមុនរបស់ប្រទេសម៉ាឡេស៊ីបន្ទាប់ពីការបញ្ចប់នៃការលើកលែងពន្ធ និងអាករនាំចូល ដែលបានដំណើរការពីឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំមុន។ រថយន្តដែលនាំចូលរួចហើយដោយអ្នកចែកចាយនឹងមិនរងផលប៉ះពាល់ដោយច្បាប់ថ្មីនេះទេ។
យោងតាមនិយមន័យដែលមានចែងក្នុងសារាចរនេះ ក្រុមហ៊ុនរថយន្តBYD របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតរថយន្ត EV ធំជាងគេបំផុតរបស់ពិភពលោក កំពុងពិចារណាឡើងវិញអំពីផែនការរបស់ខ្លួនក្នុងការបង្កើតរោងចក្រផ្គុំរថយន្តនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដោយសារតែបទប្បញ្ញត្តិដែលរឹតត្បិតបរិមាណរថយន្តដែលផ្គុំនៅក្នុងស្រុក ដែលអាចលក់បាននៅក្នុងស្រុក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





