រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឆ្នាំ២០២៥ នៅស្រុកពញាឮ
AKP កណ្តាល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥-- មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមថែទាំ និងការពារប្រភពទឹកសម្រាប់ប្រើប្រាស់ ចៀសវាងការបំពុលប្រភពទឹក ដោយកុំបោះសំណល់រឹង រាវ ទៅក្នុងប្រភពទឹកប្រើប្រាស់ សម្អាតអនាម័យ ដោយលាងដៃនឹងសាប៊ូ ហូបទឹកសុវត្ថិភាព និងសង់បង្គន់ ឱ្យបានគ្រប់ៗគ្នា។

លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការអំពាវនាវបែបនេះ នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឆ្នាំ២០២៥ នៅស្រុកពញាឮខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល មន្ត្រីរាជការមន្ទីរអភិវឌ្ឍជនបទ អាជ្ញាធរស្រកពញាឮ និងប្រជាពលរដ្ឋជាច្រើននាក់។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ដ្បិតថាវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ស្ដាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែមែនទែនទៅវាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ការប្រើប្រាស់ទឹកគ្មានអនាម័យ រួមនឹងការបន្ទោរបង់ពាសវាលពាសកាលគឺជាមូលហេតុចម្បងមួយនៃការបង្កជំងឺឆ្លងមួយចំនួន ដូចជា ជំងឺរាគរូស អាសន្នរោគ គ្រុនពោះវៀន និងជំងឺកង្វះអាហារូបត្ថម្ភជាដើម ហើយមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងភាពក្រិនរបស់កុមារ ដែលជាកត្តាបន្ទច់បង្អាក់ការលូតលាស់របស់កុមារ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពទឹកស្អាត និងអនាម័យ គឺជាតម្រូវការចាំបាច់មួយក្នុងការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅតំបន់ជនបទ ហើយវិស័យនេះក៏ជាអាទិភាពគន្លឹះមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពស្វាហាប់ វៃឆ្លាត និងមានទស្សនៈវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកដឹកនាំបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាពនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវគោលដៅ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្ដប់ ១០០ ភាគរយ នៅត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានេះដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា ចំពោះសមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ ឆ្នាំ២០២៥ ខេត្តកណ្ដាលទទួលបាននៅពេលនេះ មានចំនួន២៧អណ្ដូង នៅក្នុង ៤ក្រុង/ស្រុក ក្នុងនោះ ស្រុកពញាឮ ចំនួន ១៤អណ្ដូង ស្រុកកណ្ដាលស្ទឹងចំនួន ១០អណ្ដូង ស្រុកអង្គស្នួលចំនួន២អណ្ដូង និងក្រុងតាខ្មៅចំនួន១អណ្ដូង។

សូមជម្រាបជូនថា លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ បានអញ្ជើញពិនិត្យវឌ្ឍនភាពផ្លូវបេតុងចំនួន១ខ្សែប្រវែង១៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ កំពុងស្ថាបនា ដោយកងវិស្វកម្មក្រសួងការពារជាតិប្រើប្រាស់ថវិកាជំពូក២១របស់ក្រសួងអភិវឌ្ឍន៍ជនបទ ភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





