ក្រុងប៉ោយប៉ែតឈានទៅរករបត់ថ្មី! គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត ៥០លានដុល្លារ បើកការដ្ឋានជាផ្លូវការ
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា កំពុងត្រូវបានប្រែក្លាយឱ្យទៅជា "ទីក្រុងគួរឱ្យចង់រស់នៅ" តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអនាម័យដ៏ធំសម្បើម។

កាលពីថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៦ នេះ ពិធីក្រុងពាលីបើកការដ្ឋានសាង សង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសា ធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង ព្រមទាំង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយ មានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសិដ្ឋ បានគូសបញ្ជាក់ថា គម្រោងនេះគឺជាផ្នែកមួយនៃ "គម្រោងទីក្រុងគួរឱ្យចង់រស់នៅ" ដែលមានគោលដៅយុទ្ធសាស្ត្រក្នុងការលើកកម្ពស់បរិស្ថានទីក្រុង និងសុខភាពសាធារណៈ។

ឯកឧត្តមបានសង្កត់ធ្ងន់ថាការគ្រប់គ្រងទឹកកខ្វក់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេ ស មិនត្រឹមតែជួយកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ក្រុងប៉ោយប៉ែត ក្នុងការទាក់ទាញអ្នកវិនិ យោគ និងភ្ញៀវទេសចរឱ្យកាន់តែច្រើន ឡើង។

ស្របពេលជាមួយគ្នានេះ លោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានលើកឡើងពីកិច្ចសហការយ៉ាងស្អិតរមួតរវាងរដ្ឋបា លខេត្ត និងក្រសួងសាមី ដោយលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត មេត្តាយោគយល់ និងផ្តល់កិច្ចសហការក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យគម្រោងដ៏មានសារៈសំខាន់នេះសម្រេចបានតាមផែនការដែលបានគ្រោងទុក។

គម្រោងដ៏ធំមួយនេះ ត្រូវបានសាងសង់ឡើងក្រោមកិច្ចសន្យាដែលមានតម្លៃសរុប ៤៨ ៧២១ ២០៣ ដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលសាង សង់ ៣ឆ្នាំ (២០២៦-២០២៩)។

តាមរបាយការណ៍បច្ចេកទេស គម្រោងនេះរួមមានសមាសភាគសំខាន់ៗដូចជាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន ១កន្លែង ដែលមានសមត្ថភាពច្រោះសម្អាតបានរហូតដល់ ១០,០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ។បណ្តាញទុយោ សាងសង់បណ្តាញទុយោមេទឹកកខ្វក់ប្រវែង ១១គីឡូម៉ែត្រ និងបណ្តាញតភ្ជាប់តាមផ្ទះ អគារពាណិជ្ជកម្ម និងស្ថាប័ននានាដែលមានប្រវែងសរុបរហូតដល់ ១០៦គីឡូម៉ែត្រ។ការតភ្ជាប់ផ្ទាល់ គ្រោងតភ្ជាប់បណ្តាញទៅកាន់លំនៅឋាន និងអគារនានាចំនួន ៦,២៨០ ទីតាំង។

លើសពីការសាងសង់ អ្នកទទួលការសាងសង់ក៏មានកាតព្វកិច្ចផ្ដល់ការបណ្តុះបណ្តាលដល់បុគ្គលិក និងនិយោជិកលើការប្រតិបត្តិការ និងការថែទាំ (O&M) រយៈពេល ២៤ខែ បន្ទាប់ពីការសាងសង់បញ្ចប់។ នេះគឺជាយុទ្ធសាស្ត្រដើម្បីធានាថា ហេដ្ឋារចនាស ម្ព័ន្ធនេះនឹងដំណើរការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពយូរអង្វែងសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ក្រុងប៉ោយប៉ែត ក្នុងការដោះ ស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង និងការបង្ហូរទឹកកខ្វក់ដោយគ្មានការចម្រោះចូលក្នុងប្រភពទឹកធម្មជាតិ ដែលនឹងធ្វើឱ្យក្រុងជាប់ព្រំដែនមួយនេះមានភាពស្រស់បំព្រង និងមានបរិស្ថានរស់នៅកម្រិតស្តង់ដារ៕



ដោយ ៖ឈុនសារ៉ាត





