លោក សាយ គឹមឡម កោតសរសើរខ្ពស់ដល់ស្មារតីជាតិនិយមរបស់យុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានកោតសរសើរខ្ពស់ដល់ស្មារតីជាតិនិយមរបស់យុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជនភៀសសឹក និងពលករធ្វើមាតុភូមិនិវត្តន៍នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ក៏ដូចជាជំនាញពាក់ព័ន្ធជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋបាលឃុំ ត្រូវធ្វើការតាមដានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពជនភៀសសឹកដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់មូលដ្ឋានរបស់ខ្លួន ដើម្បីមានលទ្ធភាពសួរសុខទុក្ខឧបត្ថម្ភគាំទ្រទាំងជនភៀសសឹក និងគ្រួសារកងទ័ព ហើយត្រូវធ្វើស្ថិតិ និងរាយការណ៍បានទៀងទាត់ជាប្រចាំជូនមករដ្ឋបាលស្រុកស្ទោង។

លោកអភិបាលស្រុកបានអំពាវនាវបន្ថែមទៀតដល់សប្បុរសជនជិតឆ្ងាយ ជាពិសេសក្នុងមូលដ្ឋានស្រុកស្ទោងសូមចូលរួមឧបត្ថម្ភគាំទ្រសហការឱ្យបានច្រើនលើសលុប ជាមួយរដ្ឋបាលស្រុកស្ទោងបន្ថែមទៀត ដើម្បីចែកជូនឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ពលករដែលបានធ្វើមាតុភូមិនិវត្តន៍ និងដល់វីរកងទ័ពជួរមុខ។ លោកក៏បានអំពាវនាវដល់ជនភៀសសឹក និងពលករដែលបានមកដល់មូលដ្ឋានស្រុកស្ទោង សូមរស់នៅជាមួយការថែទាំសុខភាពឱ្យបានហ្មត់ចត់បំផុតដើម្បីចៀសវាងពីការឆ្លងនៅជំងឺដង្កាត់ផ្សេងៗ និងរស់នៅប្រកបដោយអនាម័យខ្ជាប់ខ្ជួនបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជនភៀសសឹក និងពលករនៅតែបន្តធ្វើមាតុភូមិនិវត្តន៍មកកាន់មូលដ្ឋានស្រុកស្ទោង ជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ ហើយជនភៀសសឹក និងពលករចំនួន១០គ្រួសារក្នុងឱកាសនេះទទួលបានការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន៕

ដោយ ស៊ុម វណ្ណា





