ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រកាសលុបបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី
AKP ភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ – ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសលុបបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

តបតាមការអំពាវនាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី រងរបួស និងពិការភាព ព្រមទាំងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបដូចខាងក្រោម÷ ១. ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រកាសលុបបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារ បូរណភាពទឹកដីកម្ពុជា ស្របតាមសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែ ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ២. ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងវិធានការចាំបាច់បន្ទាន់ដែលបានដាក់ចេញ ដើម្បីដោះស្រាយការលំបាករបស់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ និងប្រជាជន ភៀសសឹកដែលជាអតិថិជនរបស់ធនាគារ៕

ដោយ៖ ចរិយា ប្រភព៖ ARDB





