កសិករចំនួនបួនស្រុកក្នុង ខេត្តសៀមរាប បង្កើត សហគមន៍កសិកម្មទំនើប ស្វាយចន្ទីខ្នាតធំ
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥--កសិករ សៀមរាបនឹងមាន សហគមន៍កសិកម្មទំនើប ខ្នាតធំមួយទៀតសម្រាប់ដំណាំស្វាយចន្ទី នៅកម្ពុជាដែលមានសមាជិកមកពីស្រុកចំនួន៤ ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ថា សមាជិកមកពីស្រុកទាំ ៤ មានផ្ទៃដីដាំដុះប្រមាណ ២ ៥០០ហិកតា ដែលនឹងក្លាយទៅជាសហគមន៍កសិកម្មទំនើបស្វាយចន្ទីធំជាងគេនៅកម្ពុជា ។ បើមិនមានអ្វីប្រែប្រួលទេ ខេត្តសៀមរាប នឹងមានសហគមន៍កសិកម្មទំនើបរហូតដល់ទៅ ៥សហគមន៍ នៅមុនដំណាច់ចុងឆ្នាំ២០២៥នេះ ។

សហគមន៍កសិកម្មទំនើបផ្តោតសំខាន់ទៅផលិតកម្មរួមដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយប្រជាកសិករដែលជាសមាជិកមានផលិតកម្មរួមគ្នា។ សហគមន៍កសិកម្មទំនើបដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦របស់រដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានដាក់ឱ្យអនុវត្តក្នុង ឆ្នាំ២០២៣៕

ដោយ៖ ណយ នឿន





