ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី បើកការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃអ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់
AKP ព្រះសីហនុ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ -- នាព្រឹកថ្ងៃអាទិត្យទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាហារុឌីន អន (Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់របស់អង្គការស្នាមញញឹមកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យ នូ សារុំ តំណាងអង្គការស្នាមញញឹមកម្ពុជាបានឱ្យដឹងថា អង្គការបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០២ ក្នុងការវះកាត់អ្នកជម្ងឺឆែបមាត់ ក្រអូមឆែប និងពិការភាពមុខមាត់ បានជាង ៥ ០០០នាក់ ហើយការមកខេត្តព្រះសីហនុ ជាកម្មវិធីលើកទី១៥។ អង្គការស្នាមញញឹមបានធ្វើការវះកាត់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុម្តងរួចមកហើយ កាលពីឆ្នាំ២០១៤ បានចំនួន ៣៩នាក់ ហើយថ្ងៃនេះអង្គការនឹងធ្វើការវះកាត់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុប្រមាណជាពី ៣០ ទៅ ៤០នាក់បន្ថែមទៀត។

ឯកឧត្តម សាហារុឌីន អន (Shaharuddin Onn) បានថ្លែងថា កម្មវីធីពិនិត្យវះកាត់មាត់ឆែបនៅមន្ទីរពេទ្យខេត្តព្រះសីហុនាពេលនេះ ក្រោមកិច្ចសហការរវាងស្ថានទូតម៉ាឡេស៊ី និងអង្គការស្នាម ញញឹមកម្ពុជា បានជួយផ្នែកសុខភាពដល់កុមារកម្ពុជា ជាពិសេសកុមារខេត្តព្រះសីហនុ ជាមួយគ្នានោះដែរ ឯកឧត្ដម ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណអាជ្ញាធរខេត្ត មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចូលរួមសហការគាំទ្រឱ្យមានកម្មវិធីវះកាត់មាត់ឆែប ក្រអូមឆែប និងសុខភាពមុខមាត់នេះឡើង ក្នុងគោលបំណងបង្កើននូវសេវាថែទាំសុខភាពជូនដល់កុមារ និងមនុស្សដែលមានមាត់ឆែប ក្រអូមឆែបនៅខេត្តព្រះសីហនុ ម៉្យាងទៀតប្រទេសម៉ាឡេស៊ី ជាប្រទេសដៃគូរសហការជាមួយកម្ពុជា ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតមានទំនាក់ទំនងល្អជាមួយគ្នា ជាពិសេសក្នុងការជួយបន្ធូរបន្ថយផ្នែកពន្ធផងដែរ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានថ្លែងបើកកម្មវិធីវះកាត់ដោយឥតគិតថ្លៃនូវមាត់ ឆែប ក្រអូមឆែប និងសុខភាពមុខមាត់ ដែលមានអង្គការស្នាមញញឹមកម្ពុជា សហការជាមួយសមាគមរ៉ូតថារីក្លឹប នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ហើយព្រឹត្តិការណ៍នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ស្នាមញញឹមថ្មីសម្រាប់ប្រជាជនខេត្តព្រះសីហនុ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងរយៈពេលជិត ៦៩ឆ្នាំ ផ្តល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់រួមមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុច ក្នុងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា និងទារក ការពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំបរិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ការបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យក្នុងការព្យាបាល និងការថែទាំ ការបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ ការលើកកម្ពស់កិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ការចូលរួមរបស់ប្រជាជនតាមសហគមន៍។ ជាក់ស្តែងរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងបន្តពង្រឹងកិច្ចប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ផ្តោតលើការផ្តល់សេវាសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋ កម្មវិធីសុខភាពបន្តពូជ សុខភាពមាតា និងទារក និងអាហារូបត្ថម្ភលើស្ត្រី និងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ។ ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈ បានដើរទន្ទឹមគ្នានឹងការកែលម្អគុណភាពសេវាបង្ការ ពិនិត្យ ព្យាបាល និងថែទាំឱ្យកាន់តែប្រសើរឡើង។ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកលែងការបង់ថ្លៃសេវា បានដករបាំងឧបសគ្គភូមិសាស្ត្រផង និងរបាំងឧបសគ្គហិរញ្ញវត្ថុផង ពោលគឺ ផ្តល់ការបង្ការហានិភ័យហិរញ្ញវត្ថុដល់គ្រួសារក្រីក្រឱ្យមកប្រើប្រាស់សេវាសុខភាពនៅតាមមូល ដ្ឋានសុខាភិបាលសាធារណៈដោយគ្មានបង់ថ្លៃនៅពេលមានបញ្ហាសុខភាព ឬជំងឺ៕
ដោយ ងូ សុមុនី





