ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីថ្លែងការណ៍ពន្យល់ ករណីប្រជាពលរដ្ឋ សម្រុកមកដកប្រាក់បញ្ញើចេញពីធនាគារ
AKP ភ្នំពេញថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦-- លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ជាទូទៅធនាគារមានតួនាទីចម្បង គឺជាអន្តរការីកម្ម ដែលទទួលបានបញ្ញើលុយលើស ដែលមិនទាន់មានការប្រើប្រាស់ ដោយផ្តល់អោយលុយនោះទៅអោយអ្នកដែលត្រូវការលុយសម្រាប់ប្រើប្រាស់ ឬវិនិយោគនៅក្នុងវិស័យសេដ្ឋកិច្ច ដូចជាទិញផ្ទះ សង់អូតែល សង់រោងចក្រ ឬក៏ពង្រីកអាជីវកម្មជាដើម។ ការធ្វើបែបនេះ គឺធ្វើអោយចរន្តសេដ្ឋកិច្ច មានដំណើរការ បានន័យថា លុយដែលមិនទាន់ប្រើប្រាស់ អាចយកទៅប្រើប្រាស់នៅក្នុងវិស័យសេដ្ឋកិច្ចបាន នៅក្នុងប្រតិបត្តិការធនាគារ ជាទូទៅគាត់ទទួលបានបញ្ញើមក គាត់ទុកតែមួយផ្នែកតូច ដើម្បីបំរើតម្រូវការរបស់អ្នកដែលដាក់ប្រាក់បញ្ញើ ចឹងអ្នកដាក់ប្រាក់បញ្ញើមួយចំនួន គាត់មិនទាន់មានតម្រូវការប្រើប្រាស់ប្រាក់ទាំងនោះ គាត់អាចដាក់ប្រាក់ទាំងនោះជាប្រាក់បញ្ជើមានការកំណត់ ដែលមានរយៈពេល៣ខែ ៦ខែ ឬក៏១ឆ្នាំ ទៅតាមការសម្រេចចិត្តរបស់គាត់ ។
ជាទូទៅប្រាក់បញ្ជើមានការកំណត់នេះ ធនាគារ នឹងយកទៅអោយអ្នកដែលខ្ចី ដែលមានតម្រូវការប្រាក់ដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង ដែលមានតម្រូវការរហូតដល់១០ ឬ២០ ឆ្នាំ ។ ដូច្នេះ ធនាគារ ត្រូវគិតពីរយៈពេលនៃពេលវេលាខ្ចីនោះ អោយមានភាពប្រហាក់ប្រហែលគ្នា ដើម្បីងាយស្រួលក្នុងការបង្វិលអោយអតិថិជន តាមតម្រូវការជាក់ស្តែងវិញ។ តែក្នុងករណីដែលអតិថិជន សម្រុកមកដាក់ប្រាក់ទាំងអស់គ្នាក្នុងពេលតែ១ ពេលនោះ នឹងធ្វើអោយធនាគារ ជួបនឹងបញ្ហា បង្វិលលុយមិនទាន់ ក្នុងន័យនេះ មិនមែនមានន័យថា ធនាគារ អស់លុយក្នុងការបើកអោយអតិថិជននោះទេ ព្រោះលុយទាំងអស់នោះ គាត់បានបង្វិលទៅអោយអ្នកខ្ចី ដែលមានរយៈពេលវែង ។
លោកជំទាវ បានសង្កត់ធ្ងន់ថា ចំនុចនេះហើយ ដែលជាបញ្ហា នាំអោយធនាគារ ជួបនូវបញ្ហាបង្វិលលុយមិនទាន់ ឬមិនមានលុយគ្រប់គ្រាន់ក្នុងការបើកអោយអ្នកដាក់ប្រាក់បញ្ញើ ដែលបានសម្រុកមកដាក់លុយទាំងអស់ក្នុងពេលតែ១ ។
ទោះបីជាយ៉ាងណា លោកជំទាវ ជា សិរី បានបញ្ជាក់ថា គិតមកទាល់ពេលនេះ ធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជា នៅមានភាពរឹងមាំនៅឡើយនេះ ដោយធនាគារភាគច្រើន អតិថិជន បាននឹងកំពុងធ្វើប្រតិបត្តិការដាក់ ដកសាច់ប្រាក់បានធម្មតា ដូច្នេះ សូមបងប្អូន ទុកពេលអោយធនាគារជាតិ នៃកម្ពុជាធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធ ដើម្បីដោះស្រាយប្រាក់បញ្ជើរបស់បងប្អូនទាំងអស់៕

ដោយ៖ ចរិយា ប្រភព៖ ធនាគារជាតិនៃកម្ពុជា





