អាជ្ញាធរទន្លេសាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋានកំណត់តំបន់អាទិភាពឱ្យបានលឿន ដើម្បីពន្លឿនការដាំស្ដារព្រៃលិចទឹកឡើងវិញឱ្យទាន់ផែនការឆ្នាំ២០២៦
AKP សៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦–ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការដាំស្ដារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាបនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាអនុប្រធានក្រុមការងារទទួលអនុវត្តការងារដាំស្ដារព្រៃលិចទឹកខេត្តទាំង៦ ជុំវិញតំបន់ទន្លេសាប បានជំរុញឱ្យរដ្ឋបាលក្រុងស្រុក និងឃុំ-សង្កាត់ សហការពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ ដើម្បីកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្ដារព្រៃលិចទឹកឡើងវិញ។

ឯកឧត្តម ខូវ មាស បានបញ្ជាក់ថា ទិន្នន័យបឋម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រុមការងារជំនាញ នៃអាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការសកម្មភាពលម្អិត និងឈានទៅអនុវត្តការដាំដុះឱ្យបានឆាប់រហ័ស។បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីខេត្តទាំង៦ ជុំវិញបឹងទន្លេសាបក្រុមការងារ ជំនាញនឹងចុះវាយតម្លៃផ្ទាល់ដល់ទីតាំងជាក់ស្ដែង ដើម្បីរៀបចំបញ្ចូលក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ជាមួយមន្ទីរជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋានតំបន់បឹងទន្លេសាប។


លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើបទបង្ហាញរបស់មន្រ្តីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្ដារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃក្នុងភូមិសាស្ត្រខេត្តសៀមរាប និងពិភាក្សាប្រមូលធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំបច្ចុប្បន្នភាពផែនការអនុវត្តកិច្ចការដាំស្ដារព្រៃលិចទឹកឡើងវិញ ឱ្យសមស្របតាមស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រមទាំងចែករំលែកទិន្នន័ យ ព័ត៌មាន ផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធកិច្ចការដាំស្ដារព្រៃលិចទឹកឡើងវិញ។ដូចនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ ដើម្បីធ្វើការងារនេះឱ្យបានលឿន៕

ដោយ៖ ឃុត សៅ





