មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជំរុញបណ្តាខេត្តឱ្យពង្រឹងសមត្ថភាពមន្ត្រីលើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦---
ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាខេត្តឱ្យពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម ដែលជាឧបករណ៍ឆ្លាតវៃសម្រាប់ការគ្រប់គ្រងទិន្នន័យគ្រោះមហន្តរាយ រួមនិងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ នៅថ្នាក់ក្រោមជាតិ និងការរៀបចំផែនការត្រៀមឆ្លើយតបលើការងារគ្រប់គ្រងគ្រោះមហន្តរាយកើតឡើងដោយធម្មជាតិ និងមនុស្សបង្កឡើង នៅខេត្តក្រចេះ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ បានលើកឡើងថាប្រព័ន្ធព្រីស្ស៊ឹម ត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់
ភ្លាមៗដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គម និងការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ សូមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាខេត្តពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹមនេះ រួមនិងប្រព័ន្ធផ្តល់ដំណឹងជាមុនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តមអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញដល់លេខាធិការដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយខេត្តឱ្យរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣តុលា ឱ្យបានជាប្រចាំ ដើម្បីជំរុញការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ ហើយថាបណ្តាខេត្តដែលនៅជាប់ដងទន្លេមេគង្គក្នុងពេលរដូវទឹកជំនន់ត្រូវតែត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះស្រី្តមានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនពិការជាដើម។
ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តក្រចេះបានឱ្យដឹងថា កន្លងមកខេត្តបានត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ និងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ និងខូចខាត ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក៏បានរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ដោយរដ្ឋបាលខេត្តបានបោះពុម្ពផ្សាយជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងមហាផ្ទៃ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អង្គការដៃគូនានា វិស័យឯកជន និងអ្នកពាក់ព័ន្ធផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





