អង្គការ CI៖ តំបន់បឹងទន្លេសាប គឺជាតំបន់សំចតដ៏សំខាន់ នៃផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី ក្នុងនោះក៏មាន ចាបព្រៃវែងផងដែរ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- សត្វស្លាបទេសន្តរប្រវេសន៍ សំដៅដល់សត្វស្លាបដែលធ្វើដំណើរតាមរដូវកាលក្នុងចម្ងាយឆ្ងាយ រវាងទីបន្តពូជ ទីសំចត និងទីស្វែងរកចំណីអាហារ។ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ការធ្វើដំណើរដ៏វែងឆ្ងាយនៃសត្វស្លាបទេសន្តរប្រវេសន៍ទាំងឡាយ។

ប្រភពពីអង្គការ CI បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងប្រទេសកម្ពុជា តំបន់បឹងទន្លេសាប គឺជាតំបន់សំចតដ៏សំខាន់ នៃផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី (East Asian-Australasian Flyway) ។ ក្នុងចំណោមសត្វស្លាបទេសន្តរប្រវេសន៍ទាំងនោះ ចាបព្រៃវែង (Yellow-breasted Bunting) តែងធ្វើដំណើរមកកាន់តំបន់ដីសើម និងតំបន់វាលស្មៅនៃប្រទេសកម្ពុជា ដើម្បីស្នាក់អាស្រ័យ ស្វែងរកចំណីអាហារ និងគេចពីរដូវរងារ។ យ៉ាងណាមិញ ចាបព្រៃវែង ជាប្រភេទសត្វជិតផុតពូជបំផុត ដែលរងការគំរាមកំហែងពីការបាត់បង់ទីជម្រក និងការជាប់អន្ទាក់ជាដើម។ អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) សហការជាមួយរាជរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន បាននិងកំពុងការពារតំបន់ទេសភាពសំខាន់ៗ រួមមានតំបន់បឹងទន្លេសាប ដែលជាទីជម្រកដ៏សំខាន់របស់សត្វស្លាបទេសន្តរប្រវេសន៍។
អ្នកក៏អាចចូលរួមក្នុងការងារអភិរក្សនេះផងដែរ! សូមចូលរួមធ្វើជា «អ្នកវិទ្យាសាស្ត្រពលរដ្ឋ» ដោយកត់ត្រារាល់ការប្រទះឃើញសត្វស្លាប នៅពេលអ្នកទៅតំបន់ធម្មជាតិនានា។ រាល់ការសង្កេតរបស់អ្នក នឹងជួយការពារសត្វស្លាបទេសន្តរប្រវេសន៍របស់កម្ពុជានិងទីជម្រករបស់់ពួកគេឱ្យនៅគង់វង្សយូរអង្វែង ៕
ដោយ៖ ណយ នឿន (ប្រភព៖CI)





