ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ សង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ។

នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពាន អាកាសចោមចៅ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា "ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជា កម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ប្អូនៗនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។”


សូមជម្រាបថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិតចំនួន១០នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១៧៥នាក់ ថ្នាក់បរិញ្ញាបត្រចំនួន១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររងចំនួន៧៣២នាក់។ បច្ចុប្បន្នសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងមុខងារសាធារណៈ)





