ក្រសួងអប់រំលើកកម្ពស់សមត្ថភាពស្ត្រី ត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩ និងព្រឹត្តិការណ៍ផ្សេងៗទៀត
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥--ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គសិក្ខាសាលាការលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីជំរុញដល់ផែនការលើកកម្ពស់ស្ត្រីក្នុងវិស័យកីឡាកម្ពុជា ក្នុងការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ក៏ដូចជាត្រៀមរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិផ្សេងៗទៀតដែរ។

នេះជាការបញ្ជាក់របស់ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសបិទវគ្គសិក្ខាសាលានេះ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រាជធានីភ្នំពេញ។

ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រ នៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា។ លើសពីនេះដើម្បីស្របតាមគោលដៅអភិវឌ្ឍចីរភាពទាំង១៧របស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី៥ ក៏បានបង្ហាញអំពីការលើកកម្ពស់យែនឌ័រដោយផ្ដល់អំណាច និងភាពស្មើគ្នាទៅស្រ្តីគ្រប់រូបផងដែរ។ ហេតុនេះ បើទោះបីជាបានជួបប្រទះនូវភាពលំបាកខ្លះក៏ដោយ ក្រសួងបានស្នើសុំអង្គភាពជំនាញបន្តបើកវគ្គបណ្តុះបណ្តាលផ្សេងទៀត ទាំងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ដើម្បីធានាបាននូវសមភាពយែនឌ័រ និងត្រៀមលក្ខណៈឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩។

ឯកឧត្តម កែ ប៊ុនខៀង លើកឡើងថា យើងបានកត់សម្គាល់ឃើញថា ដើម្បីទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ ក៏ដូចជាការប្រកួតប្រជែងមេដាយទាំងថ្នាក់ជាតិ និងអន្តរជាតិ យើងមិនអាចខិតខំតែបណ្ដុះបណ្ដាលអត្តពលិកសម្រាប់ការប្រកួតប្រជែងលើទីលានប៉ុណ្ណោះទេ ប៉ុន្តែការយល់ដឹងប្រព័ន្ធបច្ចេកវិទ្យា ក៏មានតួនាទីយ៉ាងសំខាន់ដូចគ្នាផងដែរ ដូចជាចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ការរៀបចំគ្រប់គ្រងទិន្នន័យ ការផ្សព្វផ្សាយ ការគ្រប់គ្រងលទ្ធផល។ល។ ទាំងនេះសុទ្ធតែបានរួមចំណែកក្នុងការអភិវឌ្ឍអនុវិស័យកីឡា ហើយឯកឧត្តមរដ្ឋលេខាធិការរំពឹងថា សិក្ខាកាមជានារីក្នុងវគ្គសិក្ខាសាលានេះនឹងអាចយកចំណេះដឹង ដែលទទួលបានពីការបណ្ដុះបណ្ដាលនេះចូលរួមដឹកនាំ និងរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិ នាពេលខាងមុខ។

បើតាម លោកស្រី ហ៊ូ សិទ្ធសោភាល័យ គណៈគ្រប់គ្រងវគ្គ និងជាជនបង្គោលនៃគម្រោងលើកកម្ពស់សមត្ថភាពស្រ្តី ក្នុងវិស័យកីឡានៅកម្ពុជបានជម្រាបជូនថា ការបង្រៀននិងរៀនបានប្រព្រឹត្តទៅដោយប្រើប្រាស់វិធីសាស្ត្រចម្រុះ ការពិភាក្សាជាក្រុម ការបំផុសនូវសំណួរ វិធីសាស្ត្រសិស្សជួយសិស្ស និងការអនុវត្តផ្ទាល់ដោយការធ្វើលំហាត់ ដើម្បីបញ្ជាក់ពីការយល់ដឹងនិងសមត្ថភាពជាក់ស្តែងរបស់សិក្ខាកាម។ រាល់សកម្មភាពគឺមានការចុះជួយផ្ទាល់ពីគ្រូឧទ្ទេស ការជួយគ្នាទៅវិញទៅមករវាងសិក្ខាកាមនិងសិក្ខាកាម ព្រមជាមួយនឹងការចុះជួយពីអ្នកសម្របសម្រួល និងគណៈគ្រប់គ្រងវគ្គក្នុងករណីចាំបាច់។ លោកស្រីបន្ថែមថា សិក្ខាសាលានេះក៏បានបង្កនូវបរិយាកាសសប្បាយរីករាយពីសំណាក់អ្នកចូលរួមទាំងអស់ បង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា ព្រមទាំងបានបង្ហាញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់សិក្ខាកាមទាំងអស់ដែលមានវត្តមានក្នុងសិក្ខាសាលាផងដែរ៕
ដោយ ហេង ណាលីន





