រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកអ្នកផលិតមាតិកាដែលមានឥទ្ធិពលក្នុងសង្គម អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី គឺជាតួអង្គដ៏សំខាន់ក្នុងការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានចាត់ទុកថា អ្នកផលិតមាតិកាដែលមានឥទ្ធិពលក្នុងសង្គម អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី គឺជាតួអង្គដ៏សំខាន់ក្នុងការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ក្នុងការចូលរួមផ្តល់នូវវិធានការការពារដល់គ្រួសារបងប្អូនប្រជាពលរដ្ឋ ហើយក៏ជាការចូលរួមទប់ស្កាត់កុំឱ្យគ្រួសារមួយបាត់បង់នូវសុភមង្គលដោយសារតែកូនចៅ ក្មួយ ប្រើប្រាស់គ្រឿងញៀន។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា គ្រឿងញៀនមិនមានប្រយោជន៍ណាមួយឡើយ ផ្ទុយទៅវិញវានឹងបំផ្លាញទ្រព្យសម្បត្តិ កិត្តិយស និងអាយុជីវិតនៃមនុស្សគ្រប់រូប គ្រប់វ័យ ទាំងបុគ្គលខ្លួនឯងផ្ទាល់ រហូតទៅដល់គ្រួសារ និងសង្គមជាតិផងដែរ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។

ឯកឧត្ដម នេត្រ ភក្រ្ដា មានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យសម្រេចនូវការប្តេជ្ញាចិត្តថា កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា ហើយត្រូវធ្វើការអប់រំ ក្រើនរម្លឹកពីផលប៉ះពាល់ វិនាសកម្ម នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ និងតឹងរឹងបំផុតចំពោះការប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តមប្រធានប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ យើងបានអនុវត្តន៍នូវវិធានការអប់រំតាមរយៈការចុះផ្សព្វផ្សាយផ្ទាល់ និងតាមរយៈការដាក់អោយដំណើរការកម្មវិធីទូរស័ព្ទ APP No Drugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឱ្យប្រជាជន ដោនឡូត យកទៅប្រើប្រាស់រាយការណ៍ចូលមកក្នុង App នេះ ដើម្បីឱ្យសមត្ថកិច្ចទទួលបានព័ត៌មាន ហើយចុះអន្តរាគមន៍ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ពីការឈានទៅដល់ការប្រើគ្រឿងញៀនគឺមកពីមូលហេតុច្រើន ដោយទី១ មនុស្សមួយចំនួនចង់សាក, ទី២ ចាញ់បោកគេ ខណៈពេលដែលយើងមិនចង់, ទី៣ មានការចាប់បង្ខំឱ្យប្រើប្រាស់តែម្តង និងទី៤ តម្លៃគ្រឿងញៀនថោក ខុសពីមុនថ្លៃ។ ចំណុចទាំងអស់នេះហើយគឺយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន ហើយការអប់រំផ្សព្វផ្សាយដល់អ្នកមិនទាន់ប្រើប្រាស់ ក៏ជាផ្នែកមួយដើម្បីធ្វើឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីផលប៉ះពាល់ដែលចេញពីគ្រឿងញៀន។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ការដាក់ចេញនូវវិធានអប់រំ វិធានការរដ្ឋបាល វិធានការស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន វិធានការអនុវត្តន៍ច្បាប់ និងវិធានការទី៥ គឺអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល មានន័យថា ពិនិត្យឃើញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។ ទាំងនេះគឺចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង»។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្រ្ដា ក៏ស្នើដល់ពិធីករ ពិធីការិនី បើមានចន្លោះពេលទំនេរក្នុងកម្មវិធីផ្សាយណាមួយ សូមជួយបញ្ជ្រាបសារអប់រំពាក់ព័ន្ធបញ្ហាគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារឱ្យបានជាប់ជាប្រចាំ។ ចំពោះអ្នកសារព័ត៌មានដើរតួនាទីសំខាន់តាមរយៈការសរសេរអត្ថបទរបស់ខ្លួនទាក់ទងផលប៉ះពាល់ផ្សេងៗដោយសារការប្រើប្រាស់គ្រឿងញៀន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា សារព័ត៌មានគឺជាដៃគូជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការផ្សព្វផ្សាយអប់រំសារសំខាន់ៗពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម ប្រធានគណៈកម្មការ ក៏បានរម្លឹកដល់សិស្សានុសិស្ស និងនិស្សិតទាំងអស់ដែលកំពុងសិក្សា ហើយចង់ធ្វើកិច្ចការងារអ្វីមួយតាមចំណង់ចំណូលចិត្តរបស់ខ្លួនទៅថ្ងៃអនាគត៖ «គឺដាច់ខាតត្រូវចៀសឱ្យឆ្ងាយដោយកុំអនុញ្ញាតឱ្យគ្រឿងញៀនចូលក្នុងខ្លួន ព្រោះវានឹងបំផ្លាញនូវអ្វីដែលជាការប៉ងប្រាថ្នារបស់យើងគឺបាត់បង់ទាំស្រុង។ ដូច្នេះ ការទប់ស្កាត់ ការបង្ការខ្លួន តាមរយៈការអប់រំខ្លួនឯង ទប់ស្កាត់ការមិនប្រើប្រាស់គ្រឿងញៀនគឺជាកត្តាសំខាន់បំផុត»។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយសារអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ទោះបីដដែលៗក៏ដោយ ក៏ប៉ុន្តែវាជារបងក្នុងការទប់ស្កាត់កុំឱ្យសិស្សានុសិស្ស យុវជន ធ្លាក់ទៅក្នុងរណ្តៅនៃការប្រើប្រាស់គ្រឿងញៀនដែលធ្វើឱ្យខួចអនាគត។

ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី និងអ្នកផលិតមាតិកាដែលមានឥទ្ធិពលក្នុងសង្គម នឹងពង្រីកការផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយនូវអ្វីដែលជាការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនឱ្យនៅកម្រិត អតិបរមា ដើម្បីធ្វើឱ្យសង្គមរបស់យើងទៅបន្តឈានមុខ ជាសង្គមមួយដែលគ្មានគ្រឿងញៀន ហើយជាសង្គមមួយប្រកបទៅដោយការអភិវឌ្ឍ ពោរពេញទៅដោយសុភមង្គល មិនមានបញ្ហាបង្ករដោយគ្រឿងញៀននោះទេ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២៥ រៀបចំដោយក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រែក្លាយជនបង្គោលដែលជាអ្នកសារព័ត៌មាន ពិធីករ ពិធីការិនី និងអ្នកផលិតមាតិកាដែលមានឥទ្ធិពលក្នុងសង្គម ក្លាយទៅជាអ្នកនាំសារអប់រំសុច្ឆន្ទៈ អំពីបញ្ហាគ្រឿងញៀន ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានបានយល់ដឹងកាន់តែទូលំទូលាយ៕
ដោយ៖ រិទ្ធី រូបថត៖ សួស សាវី





