ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ណែនាំឱ្យគណៈកម្មាធិការគ្រោះមហន្តរាយខេត្តក្រចេះ ត្រូវត្រៀមបម្រុងជម្លៀសពលរដ្ឋរងគ្រោះទឹកជំនន់ទៅទីទួលសុវត្ថិភាពក្នុងករណីចាំបាច់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យគណៈកម្មាធិការគ្រោះមហន្តរាយខេត្តក្រចេះ ត្រូវត្រៀមបម្រុងជម្លៀសពលរដ្ឋដែលរងគ្រោះទឹកជំនន់ទៅទីទួលសុវត្ថិភាព ក្នុងករណីចាំបាច់ ក្នុងឱកាសដែលឯកឧត្ដមចុះពិនិត្យស្ថានភាពទឹកជំនន់បណ្តាលឱ្យលិចស្រូវរបស់ប្រជាពលរដ្ឋក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងបានបន្តអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដែលប៉ះពាល់ ក្នុងភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី ដោយមានការចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ឯកឧត្តមទេសរដ្ឋមន្រ្តីបាននាំយកការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋរងគ្រោះដែលប្រឈមដោយសារទឹកជំនន់ពីទន្លេមេគង្គ ព្រមទាំងបានថ្លែងអំណរគុណគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរ ដែលបានរៀបចំត្រៀមទីទួលសុវត្ថិភាពរួចរាល់សម្រាប់ទទួលប្រជាពលរដ្ឋក្នុងករណីទឹកជំនន់ទន្លេមេគង្គកើនឡើងជាយថាហេតុ។ ប្រជាពលរដ្ឋទាំងអស់ក៏ត្រូវថែរក្សាសុខភាព អនាម័យ និងរាយការណ៍ទៅកាន់អាជ្ញាធរភ្លាមដែលនៅជិតបំផុត ដើម្បីអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងការខូចខាត ដោយសារទឹកជំនន់ និងបានណែនាំដល់មន្ទីរជំនាញត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីស្នើសុំការអន្តរាគមន៍ជាស្រូវពូជសម្រាប់ស្តារឡើងវិញក្រោយទឹកជំនន់ស្រក និងបានណែនាំដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវបន្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លេីអាយុជីវិតមនុស្ស និងសត្វ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ខេត្តក្រចេះមានក្រុង និងស្រុកចំនួន៧ បានប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះប៉ះពាល់ប្រជាពលរដ្ឋចំនួនប្រមាណ១ម៉ឺនគ្រួសារ ស្មើនឹងផ្ទះចំនួនជាង៣ពាន់ខ្នង និងដំណាំស្រូវប៉ះពាល់សរុបចំនួនជាង៣ពាន់ហិកតា៕
ដោយ សួស សំរិត





