អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការកែលម្អគុណភាពសេវាអប់រំ
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ត្រូវបន្តសហការគ្នាកែលម្អគុណភាពសេវាអប់រំ ការគ្រប់គ្រង ការកែលម្អបរិស្ថាន និងមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ ជាពិសេសក្នុងវិស័យអប់រំ ដែលជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅខេត្ត។

ការថ្លែងជំរុញនេះបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំថ្នាក់ខេត្ត ចុះបំពេញបេសកកម្មវាយតម្លៃស៊ីជម្រៅ ដើម្បីជ្រើសរើសជ័យលាភីសម្រាប់ឆ្នាំ២០២៥។ គណៈកម្មការបានចុះពិនិត្យជាក់ស្ដែងនៅ សាលាបឋមសិក្សាសាមគ្គីមានជ័យ ស្ថិតក្នុងក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។

លោក យឹម សំណាង បានបញ្ជាក់ថា ការចុះពិនិត្យនេះគឺដើម្បីធានាថា អង្គភាពបេក្ខភាពទាំងឡាយ ពិតជាមានគុណភាពសេវា និងការគ្រប់គ្រងស្របតាមស្តង់ដារដែលបានកំណត់។ ការត្រួតពិនិត្យផ្តោតលើស្តង់ដាទាំង៨របស់អង្គភាពវាយតម្លៃសាលាគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៥ រួមមាន៖ ស្តង់ដាសេវាសាធារណៈ (អប់រំ) ផ្តោតលើគុណភាពនៃការផ្តល់សេវាអប់រំ។ ស្តង់ដារ ឬនិយាមនៃការផ្ដល់សេវាសាធារណៈ ពិនិត្យលើបទដ្ឋាន និងនីតិវិធីច្បាស់លាស់។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រង និងការប្រើប្រាស់ថវិកាក្នុងអង្គភាពប្រកបដោយតម្លាភាព។ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ផ្តោតលើសមត្ថភាព និងការបណ្ដុះបណ្ដាលបុគ្គលិក។ ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ការរៀបចំសាលារៀនឱ្យមានសោភ័ណភាព និងអនាម័យល្អ។ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ។ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍។ ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីឱ្យអង្គភាពមានដំណើរការកាន់តែល្អប្រសើរ។

លោក យឹម សំណាង បានសង្កត់ធ្ងន់ថា ការចុះពិនិត្យជាក់ស្ដែងនេះមានសារៈសំខាន់ណាស់សម្រាប់គណៈគ្រប់គ្រង និងបេក្ខភាពជ័យលាភីទាំង៩ ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ដែលធ្លាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូកាលពីឆ្នាំ២០២៤។
លោកបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងឆ្លើយតបឱ្យបានច្រើនជាអតិបរមាចំពោះក្រុមការងារតាមផ្នែកនីមួយៗ ដើម្បីសន្សំពិន្ទុ។ ការប្រកួតប្រជែងនេះតម្រូវឱ្យគ្រប់សាលាទាំងអស់ប្រឹងប្រែងពេញទំហឹង ព្រោះមិនទាន់ដឹងថាអ្នកណាជាប់ចំណាត់ថ្នាក់ល្អនោះទេ ក្នុងការជ្រើសរើសចុងក្រោយនេះ មានសាលាចំនួន៨ ត្រូវបានជ្រើសរើស ក្នុងនោះបឋមសិក្សា៤ និងអនុវិទ្យាល័យ៤សាលា៕
ដោយ ឈុន សារ៉ាត





